ព្រះត្រៃបិដក ភាគ ១១
នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត ចុះភត្តមានបរិបូណ៌ទេឬ។ ព្រះសារីបុត្តដ៏មានអាយុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ភត្តមានបរិបូណ៌ទេ ប៉ុន្តែភិក្ខុទាំងឡាយ ដើរចោលខ្ញុំព្រះអង្គ ឲ្យនៅតែម្នាក់ឯង។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតភិក្ខុទាំងឡាយជាថេរៈ និងអនុត្ថេរបួនប្រាំរូប រង់ចាំក្នុងរោងភត្ត។
[៨៧] សម័យនោះ មានព្រះថេរៈមួយរូប ឈឺបន្ទោបង់ឧច្ចារៈ ហើយរង់ចាំក្នុងរោងភត្ត កាលបើព្រះថេរៈនោះ ខំអត់ទ្រាំឧច្ចារៈ លោកក៏ជ្រប់ដួលទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើមានកិច្ចគួរធ្វើ តថាគតអនុញ្ញាតឲ្យលាភិក្ខុ ដែលអង្គុយនៅលើអាសនៈ ជាលំដាប់ ហើយទៅបាន។
[៨៨] សម័យនោះ ពួកឆព្វគ្គិយភិក្ខុ ស្លៀកមិនល្អ ដណ្តប់មិនល្អ ប្រកបដោយមារយាទមិនសមគួរ ដើរទៅកាន់រោងភត្ត ជែងទៅខាងមុខៗ នៃពួកភិក្ខុជាថេរៈខ្លះ ចូលទៅអង្គុយជ្រៀតបៀតពួកភិក្ខុជាថេរៈខ្លះ ឃាត់ពួកភិក្ខុខ្ចីដោយអាសនៈខ្លះ អង្គុយសង្កត់សង្ឃាដិ ក្នុងចន្លោះផ្ទះខ្លះ។
ID: 636805683048303463
ទៅកាន់ទំព័រ៖