ព្រះត្រៃបិដក ភាគ ១១
ក៏ឥតខ្លាច ឥតញាប់ញ័រ ឥតរន្ធត់តក់ស្លុតឡើយ ជាអ្នកមានសេចក្តីខ្វល់ខ្វាយតិច ជាមនុស្សសម្លបរោម ចិញ្ចឹមជីវិតដោយចតុប្បច្ច័យ ដែលបុគ្គលដទៃឲ្យ មានចិត្តដូចជាពួកសត្វម្រឹគ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ពិចារណាឃើញនូវអំណាចប្រយោជន៍យ៉ាងនេះហើយ ទើបបានទៅក្នុងព្រៃក្តី។បេ។ តែងបន្លឺឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ ដូច្នេះ។ លំដាប់នោះ ព្រះមានព្រះភាគជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា
[១១] សេចក្តីក្រោធ មិនមានក្នុងចិត្តរបស់អ្នកណា អ្នកនោះឈ្មោះថា កន្លងផុតនូវសេចក្តីចំរើន និងសេចក្តីវិនាសច្រើនប្រការ ទេវតាទាំងឡាយ ក៏កម្រនឹងបានឃើញនូវអ្នកដែលមានភ័យកន្លងផុតហើយ បានប្រកបដោយសេចក្តីសុខ ឥតមានសេចក្តីសោកនោះឡើយ។
[១២] គ្រានោះឯង ព្រះមានព្រះភាគ ព្រះអង្គគង់នៅក្នុងព្រៃអនុបិយា គួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់យាងសំដៅ ទៅកាន់ចារិកនគរកោសម្ពី ត្រាច់ទៅកាន់ចារិកតាមលំដាប់ ឆ្ពោះទៅនគរកោសម្ពី។ បានឮថា ព្រះមានព្រះភាគ ទ្រង់សម្រេចឥរិយាបថ ក្នុងឃោសិតារាម ទៀបនគរកោសម្ពីនោះ។
ID: 636805092036559524
ទៅកាន់ទំព័រ៖