ព្រះត្រៃបិដក ភាគ ១១
[១៣] គ្រានោះ ទេវទត្តទៅក្នុងទីស្ងាត់ សម្ងំនៅក្នុងទីស្ងាត់ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា អញនឹងឲ្យអ្នកណាជ្រះថ្លាហ្ន៎ កាលបើអ្នកណាកើតចិត្តជ្រះថ្លាចំពោះអញ លាភសក្ការៈច្រើន មុខជានឹងកើតដល់អញពុំខាន។ គ្រានោះ ទេវទត្តមានសេចក្តីត្រិះរិះដូច្នេះថា អជាតសត្តុកុមារនេះ នៅក្មេងផង មានសេចក្តីចម្រើនតទៅទៀតផង បើដូច្នោះគួរអញឲ្យអជាតសត្តុកុមារជ្រះថ្លា កាលបើអជាតសត្តុកុមារនោះ មានចិត្តជ្រះថ្លាចំពោះអញហើយ លាភសក្ការៈច្រើន មុខជានឹងកើតឡើងដល់អញ។ លំដាប់នោះ ទេវទត្ត រៀបចំអាសនៈ ប្រដាប់បាត្រ និងចីវរ សំដៅទៅនគររាជគ្រឹះតាមលំដាប់លំដោយ ឆ្ពោះទៅនគររាជគ្រឹះនោះ។ គ្រានោះ ទេវទត្តដំណែងភេទខ្លួន និម្មិតធ្វើជាក្មេងតូច ពាក់សង្វារពស់ ស្រាប់តែទៅអង្គុយលើភ្លៅអជាតសត្តុកុមារភ្លាម។ គ្រានោះ អជាតសត្តុកុមារ ក៏ខ្លាចញាប់ញ័រ រន្ធត់តក់ស្លុត។ លំដាប់នោះ ទេវទត្ត បាននិយាយពាក្យនេះ នឹងអជាតសត្តុកុមារថា បពិត្រកុមារ ព្រះអង្គខ្លាចអាត្មាឬ។ អជាតសត្តុកុមារឆ្លើយថា អើខ្ញុំខ្លាច ចុះអ្នកជាអ្វី។ ទេវទត្តថា អាត្មានេះ ជាភិក្ខុ ឈ្មោះទេវទត្ត។
ID: 636805092298734520
ទៅកាន់ទំព័រ៖