ព្រះត្រៃបិដក ភាគ ១១
។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើ ពួកអន្តេវាសិក មិនប្រព្រឹត្តដោយប្រពៃ ក្នុងអាចារ្យទាំងឡាយសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកអន្តេវាសិក មិនបានប្រព្រឹត្តដោយប្រពៃ ក្នុងអាចារ្យទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ពិតមែន ព្រះអង្គ។បេ។ ទ្រង់បន្ទោស ហើយធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្ត អាចរិយវត្ត ដល់ពួកភិក្ខុជាអន្តេវាសិក តាមទំនងដែលពួកភិក្ខុជាអន្តេវាសិក ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងអាចារ្យទាំងឡាយ។
[១០៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអន្តេវាសិក ត្រូវប្រព្រឹត្តដោយប្រពៃក្នុងអាចារ្យ។ ឯការប្រព្រឹត្តដោយប្រពៃ ក្នុងអាចា្យនោះ ដូច្នេះ គឺអន្តេវាសិកត្រូវក្រោកអំពីព្រឹក ហើយដោះស្បែកជើង ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយប្រគេនឈើស្ទន់ ប្រគេនទឹកសម្រាប់លាងមុខ ក្រាលអាសនៈទុក បើបបរមាន អន្តេវាសិកត្រូវលាងភាជន៍ ហើយបង្អោនបបរទៅប្រគេន កាលបើអាចារ្យហុតបបររួចហើយ អន្តេវាសិកត្រូវប្រគេនទឹក ហើយទទួលភាជន៍មកវិញ កាន់បន្ទាប កុំឲ្យទង្គិចនឹង (អ្វីៗ)
ID: 636805698731350482
ទៅកាន់ទំព័រ៖