ព្រះត្រៃបិដក ភាគ ១១
បាតិមោក្ខដ្ឋបនក្ខន្ធកៈ
[១១១] សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់ក្នុងប្រាសាទមិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី។ សម័យនោះឯង នាថ្ងៃបណ្ណរសីឧបោសថនោះ ព្រះមានព្រះភាគ ទ្រង់គង់ (ក្នុងរោងឧបោសថ) មានភិក្ខុសង្ឃចោមរោម។ លុះវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន វេលារាត្រីបឋមយាមកន្លងទៅហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែង បាតិមោក្ខ ដល់ភិក្ខុទាំងឡាយ។ កាលដែលព្រះអានន្ទដ៏មានអាយុក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏គង់ស្ងៀម។ កាលបើវេលារាត្រីមជ្ឈិមយាមកន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យ ចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ អស់វារៈ ជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន វេលារាត្រីមជ្ឈិមយាមកន្លងទៅហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ
ID: 636805718233245926
ទៅកាន់ទំព័រ៖