ព្រះត្រៃបិដក ភាគ ១១
ភិក្ខុត្រូវកាន់យកនូវអត្តាទាននោះចុះ ម្នាលឧបាលិ អត្តាទានប្រកបដោយអង្គ៥ប្រការ ដូចបានសំដែងមកនេះឯង កាលបើភិក្ខុកាន់យកហើយ នឹងមិនធ្វើឲ្យកើតសេចក្តីក្តៅក្រហាយចិត្ត ក្នុងកាលជាខាងក្រោយឡើយ។
[១៦៤] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ តើត្រូវពិចារណាធម៌ចំពោះខ្លួនឯង មានប៉ុន្មានសិន ទើបគួរនឹងចោទភិក្ខុដទៃបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ឯភិក្ខុអ្នកចោទមានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាធម៌៥ប្រការ ចំពោះខ្លួនឯងសិន រួចសឹមចោទភិក្ខុដទៃ ម្នាលឧបាលិ ភិក្ខុអ្នកចោទមានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ មានកាយសមាចារបរិសុទ្ធឬហ្ន៎ អាត្មាអញ ជាអ្នកប្រកបដោយកាយសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យគេចាប់ថ្នាក់បាន ធម៌នុ៎ះមានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមានទេ។ ម្នាលឧបាលិ បើភិក្ខុមានកាយសមាចារមិនបរិសុទ្ធទេ (តែហាក់ដូច) ជាអ្នកប្រកបដោយកាយសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យគេចាប់ថ្នាក់បាន ភិក្ខុនោះឯងគង់មានអ្នកផងស្តីដាស់តឿនថា នែលោកដ៏មានអាយុ ចូរលោកសិក្សានូវសមាចារផ្លូវកាយជាមុនសិន ភិក្ខុនោះគង់មានអ្នកផងស្តីដាស់តឿន ដូចសំដែងមកនេះឯង។
ID: 636805741381799948
ទៅកាន់ទំព័រ៖