ព្រះត្រៃបិដក ភាគ ១១
ភិក្ខុនីខន្ធកៈ
[១៧៧] សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់ក្នុងនិគ្រោធារាម ក្បែរក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ លំដាប់នោះឯង ព្រះនាងមហាបជាបតីគោតមី ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះព្រះនាងមហាបជាបតីគោតមី ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់សូមអង្វរ មាតុគ្រាមគួរនឹងបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយ។ ព្រះសម្មាសម្ពុទ្ធទ្រង់ឃាត់ថា កុំឡើយ ព្រះនាងគោតមី ព្រះនាងកុំគាប់ព្រះទ័យ ឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលតថាគត ជ្រាបច្បាស់ហើយ (នោះ) ឡើយ។ ព្រះនាងមហាបជាបតីគោតមី បានក្រាបបង្គំទូលសូម អស់វារៈជាគំរប់ពីរដងផង។បេ។ ព្រះនាងមហាបជាបតីគោតមី បានក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈជាគំរប់បីដងផង យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់សូមអង្វរ មាតុគ្រាមគួរនឹងបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយ។ ព្រះសម្មាសម្ពុទ្ធទ្រង់ឃាត់ថា កុំឡើយ ព្រះនាង
ID: 636805746647731142
ទៅកាន់ទំព័រ៖