ព្រះត្រៃបិដក ភាគ ១១
ហើយគង់ក្នុងទីដ៏សមគួរ។ ព្រះអានន្ទមានអាយុ លុះគង់ក្នុងទីសមគួរហើយ បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន គរុធម៌ទាំង៨យ៉ាង ព្រះនាងមហាបជាបតីគោតមី បានទទួលហើយ ព្រះមាតុច្ឆានៃព្រះមានព្រះភាគ បានឧបសម្បទារួចហើយ។ ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា ម្នាលអានន្ទ បើប្រសិនណាជាមាតុគ្រាម មិនបានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ ដែលតថាគតជ្រាបច្បាស់ហើយទេ ម្នាលអានន្ទ ព្រហ្មចារ្យ នឹងបានតាំងនៅជាអង្វែង ព្រះសទ្ធម្ម គឺអរហត្តផល ក៏នឹងបានតាំងនៅអស់១ពាន់ឆ្នាំ ម្នាលអានន្ទ តែកាលណាមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ ដែលតថាគតជ្រាបច្បាស់ហើយ ម្នាលអានន្ទ ឥឡូវនេះ ព្រហ្មចារ្យ មិនបានតាំងនៅយូរអង្វែងទេ ម្នាលអានន្ទ ឥឡូវនេះ ព្រះសទ្ធម្ម នឹងឋិតនៅបានត្រឹមតែប្រាំរយឆ្នាំវិញ ម្នាលអានន្ទ មាតុគ្រាម បានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ គឺព្រហ្មចារ្យណា ព្រហ្មចារ្យនោះ មិនបានតាំងនៅយូរអង្វែងទេ ម្នាលអានន្ទ ប្រៀបដូចត្រកូលទាំងឡាយណានីមួយ ដែលមានស្ត្រីច្រើន មានប្រុសតិច ត្រកូលទាំងនោះ ពួកចោរលួចក្អមឆ្នាំង ក៏អាចចូលមកបំផ្លាញបានដោយងាយ ម្នាលអានន្ទ មាតុគ្រាម បានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ គឺព្រហ្មចារ្យណា ព្រហ្មចារ្យនោះ មិនតាំងនៅយូរអង្វែងទេ
ID: 636805749467242409
ទៅកាន់ទំព័រ៖