ព្រះត្រៃបិដក ភាគ ១១
[១៨៣] លំដាប់នោះ ព្រះនាងមហាបជាបតីគោតមី ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចក៏គង់ក្នុងទីសមគួរ។ លុះព្រះនាងមហាបជាបតីគោតមី គង់ក្នុងទីសមគួរហើយ បានក្រាបបង្គំទូលពាក្យនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងប្រតិបត្តិដូចម្តេច ក្នុងនាងសាកិយានីទាំងនេះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់ព្រះនាងមហាបជាបតីគោតមី ឲ្យឃើញតាម ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ ឯព្រះនាងមហាបជាបតីគោតមី ដែលព្រះមានព្រះភាគ បានពន្យល់ ឲ្យឃើញតាម ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថារួច ក៏ក្រាបថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយ ឲ្យឧបសម្បទា ដល់ពួកភិក្ខុនីបាន។
[១៨៤] លំដាប់នោះ ភិក្ខុនីទាំងនោះ បាននិយាយពាក្យនេះនឹងព្រះនាងមហាបជាបតីគោតមីថា ព្រះនាងជាម្ចាស់ ជាអនុបសម្បន្នា (មិនបានឧបសម្បទាទេ) យើងខ្ញុំទាំងឡាយ ទើបជាឧបសម្បន្នា (បានឧបសម្បទា) ដ្បិតព្រះមានព្រះភាគ បានទ្រង់បញ្ញត្តដូច្នេះថា ភិក្ខុទាំងឡាយ
ID: 636805750077927338
ទៅកាន់ទំព័រ៖