ព្រះត្រៃបិដក ភាគ ១១
ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីសម្តែងបាតិមោក្ខ ដល់ភិក្ខុនីផងគ្នាចុះ។ ភិក្ខុនីទាំងឡាយ មិនបានដឹងថា ភិក្ខុនីត្រូវសម្តែងបាតិមោក្ខយ៉ាងនេះ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រាប់ដល់ភិក្ខុនីថា នាងទាំងឡាយត្រូវសម្តែងបាតិមោក្ខយ៉ាងនេះ។
[១៩០] ក្នុងសម័យនោះឯង ភិក្ខុនីទាំងឡាយ មិនបានសម្តែងអាបត្តិចេញ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនមែនមិនត្រូវសម្តែងអាបត្តិចេញទេ ភិក្ខុនីណាមិនសម្តែង ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទាំងឡាយ មិនបានដឹងថា ភិក្ខុនីត្រូវសម្តែងអាបត្តិយ៉ាងនេះ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយប្រាប់ដល់ភិក្ខុនីថា នាងទាំងឡាយត្រូវសម្តែងអាបត្តិយ៉ាងនេះ។ លំដាប់នោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា អ្នកណាហ្ន៎ គួរនឹងទទួលអាបត្តិ របស់ពួកភិក្ខុនី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទទួលអាបត្តិរបស់ភិក្ខុនី។
ID: 636805753825451684
ទៅកាន់ទំព័រ៖