ព្រះត្រៃបិដក ភាគ ១១
ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីសង្ឃ គប្បីធ្វើភិក្ខុនោះឲ្យជាអវន្ទិយបុគ្គល (បុគ្គលដែលមិនគួរឲ្យភិក្ខុនីសំពះ)។
[១៩៨] សម័យនោះ ពួកឆព្វគ្គិយភិក្ខុ បើកកាយបង្ហាញពួកភិក្ខុនី លាត់ភ្លៅបង្ហាញពួកភិក្ខុនី បើកអង្គជាតបង្ហាញពួកភិក្ខុនី ចំអកចំអន់ពួកភិក្ខុនី (ដោយអសទ្ធម្ម) ផ្សំផ្គុំ (ពួកបុរសលេង) ជាមួយនឹងពួកភិក្ខុនី ដោយគិតថា ធ្វើដូចម្តេចហ្ន៎ នឹងបានពួកភិក្ខុនីត្រេកអរក្នុងពួកយើង។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបើកកាយបង្ហាញពួកភិក្ខុនី មិនត្រូវលាត់ភ្លៅបង្ហាញពួកភិក្ខុនី មិនត្រូវបើកអង្គជាតបង្ហាញពួកភិក្ខុនី មិនត្រូវចំអកចំអន់ពួកភិក្ខុនី (ដោយអសទ្ធម្ម) មិនត្រូវផ្សំផ្គុំ (ពួកបុរសលេង) ជាមួយនឹងពួកភិក្ខុនីទេ ភិក្ខុណាផ្សំផ្គុំលេង ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុសង្ឃ) ធ្វើទណ្ឌកម្ម ដល់ភិក្ខុនោះ។ លំដាប់នោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុសង្ឃ ត្រូវធ្វើទណ្ឌកម្ម ដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីសង្ឃ គប្បីធ្វើភិក្ខុនោះ ឲ្យជាអវន្ទិយបុគ្គល។
ID: 636805755931802160
ទៅកាន់ទំព័រ៖