ព្រះត្រៃបិដក ភាគ ១១
ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យៗ (អាមិសៈ) ដល់សង្ឃ។ អាមិសៈ ក៏កាន់តែសម្បូណ៌ច្រើនណាស់ទៅទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យៗអាមិសៈ ទៅជារបស់បុគ្គលក៏បាន។
[២៣០] សម័យនោះឯង ពួកភិក្ខុធ្វើការសន្សំអាមិសៈជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ឬភិក្ខុឲ្យគេទទួលការសន្សំរបស់ភិក្ខុទាំងឡាយបរិភោគចុះ។
[២៣១] សម័យនោះឯង មនុស្សទាំងឡាយឲ្យអាមិសៈ ដល់ពួកភិក្ខុនី។ ភិក្ខុនីទាំងឡាយ ឲ្យ(អាមិសៈ) នោះ ដល់ពួកភិក្ខុ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើភិក្ខុនីទាំងឡាយ ឲ្យអាមិសៈ ដែលគេឲ្យសម្រាប់បរិភោគខ្លួនឯង ដល់ភិក្ខុឯទៀតសោះ យើងរាល់គ្នាមិនចេះឲ្យទានឬ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវឲ្យអាមិសៈ ដែលគេឲ្យសម្រាប់បរិភោគខ្លួនឯង ដល់ភិក្ខុឯទៀតទេ ភិក្ខុនីណាឲ្យ ត្រូវអាបត្តិទុក្កដ។
ID: 636805766796413580
ទៅកាន់ទំព័រ៖