ព្រះត្រៃបិដក ភាគ ១១

នេះ​ជា​សំពត់ងូត​ទឹក​របស់​នាង​ ​នាង​ចូរ​ទៅ​ឈរ​ ​ក្នុង​ទី​ឱកាស​ឯណោះ​។​ ​(​វេលា​នោះ​)​ ​ភិក្ខុនី​ល្ងង់​ ​មិន​ឆ្លាស​ទៅ​ប្រដៅ​។​ ​ឧបសម្បទា​បេ​ក្ខា​ទាំងឡាយ​ ​ដែល​ភិក្ខុនី​មិន​ឆ្លាស​ ​ប្រដៅ​មិន​ស្រួល​ ​ក៏​នៅតែ​រឹងខ្លួន​ ​អៀនខ្មាស​ ​មិន​អាច​នឹង​ឆ្លើយ​ប្រាប់​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ដែល​ល្ងង់​ ​មិន​ឆ្លាស​ ​មិន​ត្រូវ​ប្រដៅ​ឧបសម្បទា​បេ​ក្ខា​ទេ​ ​ភិក្ខុនី​ណា​ប្រដៅ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​ ​ដែល​ឆ្លាស​ប្រតិពល​ ​ប្រដៅ​ ​(​ឧបសម្បទា​បេ​ក្ខា​)​បាន​។​ ​ភិក្ខុនី​ដែល​សង្ឃ​មិនបាន​សន្មត​ ​ក៏​ទៅ​ប្រៀនប្រដៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ដែល​សង្ឃ​មិនបាន​សន្មត​ ​មិន​ត្រូវ​ប្រៀនប្រដៅ​ឧបសម្បទា​បេ​ក្ខា​ទេ​ ​ភិក្ខុនី​ណា​ប្រៀនប្រដៅ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​ ​ដែល​សង្ឃ​សន្មត​ហើយ​ ​(​នោះ​)​ ​ប្រៀនប្រដៅ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​គប្បី​សន្មត​យ៉ាងនេះ​។​ ​ខ្លួនឯង​គប្បី​សន្មត​ខ្លួនឯង​ក៏បាន​ ​ភិក្ខុនី​ដទៃ​គប្បី​សន្មត​ភិក្ខុនី​ដទៃ​ក៏បាន​។​
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 636805769056272837
ទៅកាន់ទំព័រ៖