ព្រះត្រៃបិដក ភាគ ១១
។បេ។ ដូចជាស្រីគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវងូតទឹកដោយគ្រឿងលំអិតទេ ភិក្ខុនីណាងូត ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវកុណ្ឌកនឹងដីស្អិត។
[២៧២] សម័យនោះឯង ភិក្ខុនីទាំងឡាយ ងូតទឹកដោយដីស្អិតដែលគេអប់។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាស្រីគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវងូតទឹកដោយដីស្អិតដែលគេអប់ទេ ភិក្ខុនីណាងូត ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវដីស្អិតប្រក្រតី។
[២៧៣] សម័យនោះឯង ភិក្ខុនីទាំងឡាយ ងូតទឹកក្នុងរោងសម្រាប់រក្សាកាយ ហើយធ្វើនូវកោលាហល។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវងូតទឹកក្នុងរោងសម្រាប់រក្សាកាយទេ ភិក្ខុនីណាងូត ត្រូវអាបត្តិទុក្កដ។
ID: 636805778204326076
ទៅកាន់ទំព័រ៖