ព្រះត្រៃបិដក ភាគ ១១
[២៩៦] សម័យនោះឯង ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី បានដងទឹកដាក់ពេញភាជន៍សំរឹទ្ធ ហើយយកទៅតំកល់ទុក ក្នុងកណ្តាលភិក្ខុសង្ឃ ក្នុងថ្ងៃឧបោសថនោះ ហើយពោលពាក្យយ៉ាងនេះ ចំពោះពួកឧបាសកនៅក្នុងក្រុងវេសាលី ដែលមកទាំងអស់ថា ហៃអ្នកមានអាយុទាំងឡាយ ចូរអ្នកទាំងឡាយប្រគេនគហាបណៈមួយក្តី កន្លះកហាបណៈក្តី មួយបាទក្តី មាសករូបមួយក្តី ដល់សង្ឃចុះ សង្ឃមុខជានឹងមានកិច្ចដោយបរិក្ខារមិនខាន។ កាលដែលពួកវជ្ជីបុត្តកភិក្ខុពោលយ៉ាងនេះហើយ ទើបព្រះយសកាកណ្ឌកបុត្តមានអាយុ ក៏ពោលដូច្នេះ នឹងពួកឧបាសកអ្នកនៅក្នុងក្រុងវេសាលីថា នែអ្នកមានអាយុទាំងឡាយ អ្នកទាំងឡាយ កុំប្រគេនកហាបណៈមួយក្តី កន្លះកហាបណៈក្តី បាទមួយក្តី មាសករូបមួយក្តី ដល់សង្ឃឡើយ ព្រោះមាស និងប្រាក់ មិនគួរដល់សមណៈ ជាសក្យបុត្តិយ៍ទេ ពួកសមណៈ ជាសក្យបុត្តិយ៍ មិនត្រេកអរ មិនកាន់មាស និងប្រាក់ទេ ពួកសមណៈ ជាសក្យបុត្តិយ៍ លះចោលកែវមណី និងមាសចេញ ហើយប្រាសចាក គឺថាលែងរវល់ ដោយមាសនិងប្រាក់ហើយ។ ឯពួកឧបាសកដែលនៅក្នុងក្រុងវេសាលី ទុកជាព្រះយសកាកណ្ឌកបុត្តពោលយ៉ាងនេះហើយ ក៏នៅតែប្រគេនកហាបណៈមួយខ្លះ កន្លះកហាបណៈខ្លះ បាទមួយខ្លះ មាសករូបមួយខ្លះ ដល់សង្ឃ។ លំដាប់នោះឯង
ID: 636805799289232063
ទៅកាន់ទំព័រ៖