ព្រះត្រៃបិដក ភាគ ១១
តថាគតពោលយ៉ាងនេះថា បុគ្គលអ្នកត្រូវការដោយស្មៅ គប្បីស្វែងរកស្មៅ បុគ្គលអ្នកត្រូវការដោយឈើ គប្បីស្វែងរកឈើ បុគ្គលអ្នកត្រូវការដោយរទេះ គប្បីស្វែងរករទេះ បុរសត្រូវការដោយបុរស គប្បីស្វែងរកបុរស ម្នាលអ្នកជាធំ តថាគតមិនធ្លាប់បានពោលថា សមណៈ គប្បីត្រេកអរនឹងមាសប្រាក់ គប្បីស្វែងរកមាសប្រាក់ដូច្នេះ ដោយបរិយាយណាមួយឡើយ អាត្មាគ្រាន់តែពោលនូវសភាវៈ មិនមែនជាធម៌ ថាមិនមែនជាធម៌ ពោលនូវធម៌ ថាជាធម៌ ពោលនូវសភាវៈមិនមែនជាវិន័យ ថាមិនមែនជាវិន័យ ពោលនូវវិន័យ ថាវិន័យ អាត្មាគ្រាន់តែពោលយ៉ាងនេះ ក៏ត្រឡប់ជាឮពាក្យខ្ចរខ្ចាយទៅថា អាត្មាជេរគម្រាម ធ្វើការរុករាន បណ្តេញពួកឧបាសកមានអាយុ ដែលមានសទ្ធាជ្រះថ្លាទៅវិញ។
[៣០២] ម្នាលអាវុសោទាំងឡាយ សម័យមួយ ព្រះមានព្រះភាគទ្រង់ប្រារព្ធនឹងព្រះឧបនន្ទសក្យបុត្តដ៏មានអាយុ ទ្រង់ហាមមាសនិងប្រាក់ ហើយបញ្ញត្តិសិក្ខាបទ ក្នុងនគររាជគ្រឹះ។ អាត្មាគ្រាន់តែពោលនូវសភាវៈ មិនមែនជាធម៌ ថាមិនមែនជាធម៌ ពោលនូវធម៌ ថាធម៌ ពោលនូវសភាវៈមិនមែនជាវិន័យ ថាមិនមែនវិន័យ ពោលនូវវិន័យ ថាវិន័យ អាត្មាគ្រាន់តែពោលយ៉ាងនេះ ក៏ត្រឡប់ជាឮពាក្យខ្ចរខ្ចាយទៅថា អាត្មាជេរគម្រាម ធ្វើការរុករាន បណ្តេញពួកឧបាសកមានអាយុ ដែលមានសទ្ធាជ្រះថ្លាទៅវិញ។
ID: 636805802454803124
ទៅកាន់ទំព័រ៖