ព្រះត្រៃបិដក ភាគ ១១
មានក្នុងកាលណា អាត្មាអញ នឹងឆាន់ក្នុងកាលនោះ ដូច្នេះ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ចុះព្រះមានព្រះភាគ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ព្រះមានព្រះភាគ ទ្រង់ឃាត់ក្នុងសុត្តវិភង្គ
(១) ក្នុងក្រុងសាវត្ថី។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីប្រាប់ថា ត្រូវអាបត្តិបាចិត្តិយៈ ព្រោះឆាន់វត្ថុដែលសន្សំទុក។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុជាបឋមនេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកនេះជាបឋម។
[៣១៧] ព្រះរេវតសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់ គួរដែរឬ។ ព្រះសព្វកាមីសួរតបវិញថា ម្នាលអាវុសោ ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់នោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន កាលបើស្រមោលព្រះអាទិត្យ កន្លងទៅប្រមាណពីរធ្នាប់ ភិក្ខុឆាន់ភោជនក្នុវេលាវិកាល គួរដែរឬ។
(១) ក្នុងយោជនាថា ពាក្យដែលព្រះមានព្រះភាគចែកបទមាតិកា ហៅថា សុត្តវិភង្គ ក្នុងសារត្ថទីបនីដីកាថា បទភាជនីយ ហៅថា សុត្តវិភង្គ។
ID: 636805813102492137
ទៅកាន់ទំព័រ៖