ព្រះត្រៃបិដក ភាគ ១១

មនុស្ស​ពួក​នោះ​ ​និយាយ​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​គ្នាយើង​ ​មិនយូរ​ប៉ុន្មាន​ឡើយ​ ​មុខ​ជា​ព្រះពុទ្ធ​នាគ​ ​នឹង​ធ្វើសង្គ្រាម​ជាមួយនឹង​ហត្ថិ​នាគ​ ​(​នេះ​)​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ផ្សាយ​មេត្តាចិត្ត​ទៅកាន់​ដំរី​នា​ឡា​គិរី​។​ ​គ្រានោះ​ ​ដំរី​នា​ឡា​គិរី​ ​ដែល​មេត្តាចិត្ត​របស់​ព្រះមានព្រះភាគ​ពាល់ត្រូវ​ហើយ​ ​ក៏​ដាក់​ប្រមោយ​ចុះ​ ​ចូល​ទៅ​ជិត​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ឈរ​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​ ​យក​ព្រះ​ហស្ថ​ខាង​ស្តំា​ ​ស្ទាប​ពោងដំរី​នា​ឡា​គិរី​ ​ហើយ​សំដែង​គាថា​ ​ចំពោះ​ដំរី​នា​ឡា​គិរី​នោះ​ថា​
​[​៤៣​]​ ​ម្នាល​កុញ្ជរ​ ​អ្នក​កុំ​ចូល​មក​ប៉ុនប៉ង​សម្លាប់​ព្រះពុទ្ធ​នាគ​ឡើយ​ ​ម្នាល​កុញ្ជរ​ ​ព្រោះថា​ ​ការ​ចូល​មក​ប៉ុនប៉ង​សម្លាប់​ពុទ្ធ​នាគ​ ​ជាហេតុ​ឲ្យ​កើតទុក្ខ​។​ ​ម្នាល​កុញ្ជរ​ ​កាលបើ​អ្នកសម្លាប់​ព្រះពុទ្ធ​នាគ​ហើយ​ ​ទៅ​អំពី​ជាតិនេះ​ ​ទៅកាន់​លោកខាងមុខ​ ​(​អ្នក​)​ ​មិនបាន​ទៅ​កើត​ក្នុង​សុគតិ​ទេ​។​ ​ចូរ​អ្នក​លែង​ស្រវឹង​ ​លែង​ប្រមាទ​ទៅ​ ​ព្រោះថា​ ​សត្វ​ទាំងឡាយ​ ​ដែល​ប្រមាទ​ហើយ​ ​តែង​មិនបាន​ទៅកាន់​សុគតិភូមិ​ឡើយ​។​ ​អ្នក​នឹង​ទៅកាន់​សុគតិ​ ​ដោយ​ប្រការ​ដែល​អ្នកធ្វើ​ខ្លួនឯង​។​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636805105994787889
ទៅកាន់ទំព័រ៖