ព្រះត្រៃបិដក ភាគ ១១

 [​៤៤​]​ ​លំដាប់នោះ​ ​ដំរី​នា​ឡា​គិរី​ចាប់​ល្អងធូលី​ ​ដែល​ជាប់នឹង​ព្រះបាទ​ព្រះមានព្រះភាគ​ ​ដោយ​ប្រមោយ​ ​យក​មក​រោយរាយ​លើ​ក្បាល​ ​ហើយ​បែរមុខ​ចំ​ព្រះមានព្រះភាគ​ ​អង្កុញជើង​មុខ​ ​ថយក្រោយ​ ​ដរាប​ទាល់តែ​លែង​ឃើញ​ព្រះមានព្រះភាគ​។​ ​លំដាប់នោះ​ ​ដំរី​នា​ឡា​គិរី​ ​ដើរទៅ​កាន់​រោងដំរី​ ​ក៏បាន​ឈរ​នៅក្នុង​កន្លែង​របស់​ខ្លួន​ដដែល​។​ ​ព្រះមានព្រះភាគ​ ​បាន​ទូន្មាន​ដំរី​នា​ឡា​គិរី​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
​[​៤៥​]​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​នាំគ្នា​ច្រៀង​គាថា​នេះ​ថា​ ​ជន​ពួក១តែង​ទូន្មាន​ ​(​ដំរី​)​ ​ដោយ​ដម្បង​ខ្លះ​ ​ដោយ​កង្វេរ​ខ្លះ​ ​ដោយ​រំពាត់​ខ្លះ​ ​(​ចំណែក​)​ ​ព្រះពុទ្ធ​ ​ដែល​ព្រះអង្គ​ស្វែងរក​នូវ​គុណ​ធំ​ ​ឥត​មា​នដ​ម្បង​ ​ឥតមាន​គ្រឿង​សស្ត្រា​អ្វី​ទេ​ ​តែ​អាច​ទូន្មាន​ហត្ថិ​នាគ​បាន​។​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ទេវទត្ត​នេះ​ ​ជា​មនុស្ស​អាក្រក់​ ​ជា​អ្នក​ឥត​បុណ្យ​សោះ​ ​មិនសមបើ​នឹង​ព្យាយាម​សម្លាប់​ព្រះសមណគោតម​ ​ដែល​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ឡើយ​។​ ​ទេវទត្ត​ក៏​សាបសូន្យ​លាភសក្ការៈ​ទៅ​។​ ​ឯ​លាភសក្ការៈ​ ​ក៏​រឹតតែ​ចំរើន​ឡើង​ ​ដល់​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636805106357608642
ទៅកាន់ទំព័រ៖