ព្រះត្រៃបិដក ភាគ ១១
ជាសក្យបុត្តទាំងនោះ ជាអ្នកកំចាត់បង់នូវកិលេស ជាអ្នកប្រព្រឹត្តដុសខាត់ចិត្ត ចំណែកព្រះសមណគោតម ជាអ្នកល្មោភ (ដោយបច្ច័យ មានចីវរជាដើម) តែងត្រិះរិះដើម្បីសេចក្តីល្មោភ (ចីវរជាដើម)។ ចំណែកពួកមនុស្សណា ដែលមានសទ្ធាជ្រះថ្លា ជាបណ្ឌិត មានប្រាជ្ញា មនុស្សពួកនោះ នាំគ្នាពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្ត មិនសមបើនឹងខំប្រឹងទំលាយសង្ឃ និងទំលាយចក្រសោះ។ ភិក្ខុទាំងឡាយ បានឮដំណឹងមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណា ដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើទេវទត្ត ខំប្រឹងទំលាយសង្ឃ និងទំលាយចក្រសោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលទេវទត្ត ឮថា អ្នកខំប្រឹងបំបែកសង្ឃ និងបំបែកចក្រ មែនឬ។ ទេវទត្តឆ្លើយថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះអង្គ ទ្រង់ត្រាស់ថា កុំទេវទត្ត អ្នកកុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ម្នាលទេវទត្ត ដ្បិតការបំបែកសង្ឃ មានទោសជាទម្ងន់ណាស់ ម្នាលទេវទត្ត ប្រសិនបើអ្នកណាមួយបំបែកសង្ឃ ដែលកំពុងព្រមព្រៀងគ្នា (អ្នកនោះ) រមែងទទួលទោសលាមកអាក្រក់ តាំងនៅអស់១កប្ប ឆេះនៅក្នុងនរកអស់១កប្ប ម្នាលទេវទត្ត បើអ្នកណាមួយ
ID: 636805108947466773
ទៅកាន់ទំព័រ៖