ព្រះត្រៃបិដក ភាគ ១១
ប្រដៅរបស់ព្រះសាស្តា ហើយក៏នាំគ្នាចាប់ស្លាក។ លំដាប់នោះ ទេវទត្តបំបែកសង្ឃ ហើយនាំភិក្ខុទាំង៥០០រូប (នោះ) ឆ្ពោះទៅកាន់គយាសីសប្រទេស។
[៥៥] គ្រានោះ ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបអភិវាទ ចំពោះព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទេវទត្តបំបែកសង្ឃ ហើយនាំភិក្ខុប្រមាណ៥០០រូប ឆ្ពោះទៅកាន់គយាសីសប្រទេសទៅហើយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត និងមោគ្គល្លាន អ្នកទាំងឡាយ ទំនងជាមានសេចក្តីអាណិតភិក្ខុ ដែលទើបនឹងបួសថ្មីទាំងនោះទេដឹង ម្នាលសារីបុត្ត និងមោគ្គល្លាន ចូរអ្នកទាំងឡាយនាំគ្នាទៅចុះ ភិក្ខុទាំងនោះ គង់ដល់នូវសេចក្តីវិនាស ក្នុងកាលជាអនាគត។ ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ករុណាព្រះអង្គ ហើយក្រោកចាកអាសនៈ ក្រាបបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរសំដៅទៅគយាសីសប្រទេស។
ID: 636805110345866757
ទៅកាន់ទំព័រ៖