ព្រះត្រៃបិដក ភាគ ១១
នឹងទេវទត្តថា នែអាវុសោទេវទត្ត អ្នកកុំទុកចិត្តសារីបុត្ត និងមោគ្គល្លានឡើយ(ដ្បិត) សារីបុត្ត និងមោគ្គល្លាន(នេះ) ជាអ្នកប្រាថ្នាលាមក លុះក្នុងអំណាចសេចក្តីប្រាថ្នាអាក្រក់។ ទេវទត្តឆ្លើយថា មិនអ្វីទេ អាវុសោ សារីបុត្តនិងមោគ្គល្លាននោះ មកដោយស្រួលទេ ព្រោះហេតុតែពេញចិត្តនឹងធម៌របស់យើងហើយ។ ទេវទត្តនិមន្តព្រះសារីបុត្តដ៏មានអាយុ ដោយអាសនៈពាក់កណ្តាលថា នែអាវុសោសារីបុត្ត សូមលោកនិមន្តមកគង់លើអាសនៈនេះចុះ។ ព្រះសារីបុត្តដ៏មានអាយុនិយាយថា ណ្ហើយអាវុសោ ដូច្នេះ រួចកាន់យកអាសនៈមួយ ហើយអង្គុយក្នុងទីដ៏សមគួរ។ ឯព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏កាន់យកអាសនៈមួយ ហើយអង្គុយក្នុងទីសមគួរ។ គ្រានោះ ទេវទត្តបានពន្យល់ភិក្ខុទាំងឡាយច្រើន ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យត្រេកអររីករាយ ដោយធម្មីកថា ទាល់តែយប់ជ្រៅ ទើបនិមន្តព្រះសារីបុត្តដ៏មានអាយុថា នែអាវុសោសារីបុត្ត ភិក្ខុសង្ឃប្រាសចាកថីនមិទ្ធហើយ ម្នាលអាវុសោសារីបុត្ត ចូរអ្នកជួយបំភ្លឺធម្មីកថា ដល់ភិក្ខុទាំងឡាយផងចុះ ដ្បិតខ្ញុំឈឺខ្នងណាស់ ខ្ញុំនឹងសម្រាកបន្តិច។ ព្រះសារីបុត្តដ៏មានអាយុ ទទួលពាក្យទេវទត្តថា អើអាវុសោ។ ទេវទត្តក៏ក្រាលសង្ឃាដិ៤ជាន់ សម្រេចនូវសេយ្យា (សិង) ផ្អៀងទៅខាងស្តាំ។
ID: 636805110898138345
ទៅកាន់ទំព័រ៖