ព្រះត្រៃបិដក ភាគ ១១
ម្នាលសារីបុត្ត បើដូច្នោះ ចូរអ្នកឲ្យភិក្ខុដែលប្រព្រឹត្តតាមភិក្ខុ ដែលបំបែកសង្ឃ (នោះ) សំដែងអាបត្តិថុល្លច្ច័យចេញចុះ ម្នាលសារីបុត្ត ចុះទេវទត្ត ប្រតិបត្តិចំពោះអ្នកដូចម្តេច។ ព្រះសារីបុត្តក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ បានពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ប្រយោជន៍ ឲ្យកាន់យកព្រម ឲ្យអាចហាន ឲ្យត្រេកអរ ឲ្យរីករាយដោយធម្មីកថា ទាល់តែយប់ជ្រៅ ទើបបានអារាធនាខ្ញុំព្រះអង្គថា ម្នាលសារីបុត្ត ភិក្ខុសង្ឃប្រាសចាកសេចក្តីងុយងោកអស់ហើយ ម្នាលសារីបុត្ត ចូរអ្នកបំភ្លឺធម្មីកថា ចំពោះភិក្ខុទាំងឡាយនោះផងចុះ ដ្បិតតថាគតឈឺខ្នង តថាគតនឹងឈប់សម្រាកបន្តិច រឿងនេះយ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ទេវទត្ត ក៏ប្រតិបត្តិយ៉ាងនោះដែរ។
[៦០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយ មានដំរីច្រើន នៅអាស្រ័យនឹងស្រះធំ១ ជិតព្រៃរំលោង។ ដំរីទាំងនោះ ចុះកាន់ស្រះនោះ ដកយកក្រអៅឈូកដោយប្រមោយ លាងសម្អាត ហើយទំពាលេបរបស់ដែលគ្មានភក់នោះទៅ។ ក្រអៅឈូកនោះ ក៏នាំឲ្យមានពណ៌សម្បុរ និងកំឡាំងដល់ដំរីទាំងនោះ។ ដំរីទាំងនោះ ក៏មិនបានដល់នូវសេចក្តីស្លាប់ផង
ID: 636805114568458275
ទៅកាន់ទំព័រ៖