ព្រះត្រៃបិដក ភាគ ១១
ហៅថា សេចក្តីប្រេះឆានៃសង្ឃ មិនមែនជាសង្ឃភេទទេ។ ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាង៤រូប ភិក្ខុប៉ែកម្ខាង៤រូប ឯភិក្ខុជាគំរប់៩ សូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុយ៉ាងនេះឯង ហៅថា សេចក្តីប្រេះឆានៃសង្ឃផង ហៅថា សង្ឃភេទផង។ ម្នាលឧបាលិ សេចក្តីប្រេះឆានៃសង្ឃ និងសង្ឃភេទ រមែងមានដល់ភិក្ខុ៩រូបក៏មាន ដល់ភិក្ខុច្រើនជាង៩រូបទៅក៏មាន។ ម្នាលឧបាលិ ភិក្ខុនី មិនឈ្មោះថាបំបែកសង្ឃទេ តែបានឈ្មោះថា ព្យាយាមដើម្បីបំបែក(សង្ឃ) សិក្ខមានា ក៏មិនឈ្មោះថា បំបែកសង្ឃ សាមណេរ ក៏មិនឈ្មោះថា បំបែកសង្ឃ សាមណេរី ក៏មិនឈ្មោះថា បំបែកសង្ឃ ឧបាសក ក៏មិនឈ្មោះថា បំបែកសង្ឃ ឧបាសិកា ក៏មិនឈ្មោះថា បំបែកសង្ឃ តែបានឈ្មោះថា ព្យាយាមដើម្បីបំបែកសង្ឃ។ ម្នាលឧបាលិ លុះតែភិក្ខុ ដែលមានខ្លួនជាប្រក្រតី
(១) មានសំវាសស្មើគ្នា ឋិតនៅក្នុងសីមាជាមួយគ្នា ទើបឈ្មោះថា បំបែកសង្ឃ។
១ ភិក្ខុដែលមានខ្លួនជាប្រក្រតី គឺភិក្ខុដែលសង្ឃមិនបានលើកវត្ត ឬភិក្ខុដែលបរិសុទ្ធ ឥតមានត្រូវគរុកាបត្តិណាមួយ។
ID: 636805118594378545
ទៅកាន់ទំព័រ៖