ព្រះត្រៃបិដក ភាគ ១២
[២៤៧] ភិក្ខុ ពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុ ពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិ៣គឺ ភិក្ខុ មានសេចក្ដីប្រាថ្នាលាមក មានសេចក្ដីប្រាថ្នាគ្របសង្កត់ហើយ ពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិបារាជិក ភិក្ខុនិយាយកុហកថា ភិក្ខុណានៅក្នុង វិហាររបស់អ្នក ភិក្ខុនោះជាព្រះអរហន្ដ កាលបើអ្នកស្ដាប់ដឹងច្បាស់ ត្រូវអាបត្ដិថុល្លច្ច័យ បើពុំដឹងច្បាស់ ត្រូវអាបត្ដិទុក្កដ ភិក្ខុពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិ៣នេះឯង។
ចប់ បារាជិក៤។
[២៤៨] ភិក្ខុ ព្យាយាមបញ្ចេញអសុចិ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុ ព្យាយាមបញ្ចេញអសុចិ ត្រូវអាបត្ដិ៣គឺ គិតព្យាយាមទាល់តែអសុចិ ឃ្លាតចេញ ត្រូវអាបត្ដិសង្ឃាទិសេស គិតព្យាយាម តែអសុចិមិនឃ្លាតចេញ ត្រូវអាបត្ដិថុល្លច្ច័យ គ្រាន់តែព្យាយាម ត្រូវអាបត្ដិទុក្កដ។
ID: 636801537812289524
ទៅកាន់ទំព័រ៖