ព្រះត្រៃបិដក ភាគ ១២
សេចក្ដីប្រតិបត្ដិ (ក្នុងសិក្ខាបទនោះ) ដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពោះភិក្ខុអ្នកព្យាយាមបញ្ចេញអសុចិ តើព្រោះអាស្រ័យអំណាចប្រយោជន៍ប៉ុន្មានយ៉ាង។ ជនពួកណាតែងសិក្សា។ ជនពួកណាមានសិក្ខាសិក្សាហើយ។ សិក្ខាបទនោះ ឋិតនៅក្នុងជនពួកណា។ ជនពួកណាតែងទ្រទ្រង់ទុក។ សិក្ខាបទនោះ ជាពាក្យរបស់នរណា។ នរណានាំមក។
[៩] សួរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពោះភិក្ខុអ្នកព្យាយាមបញ្ចេញអសុចិក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវសេយ្យសកភិក្ខុមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលសេយ្យសកភិក្ខុមានអាយុ ព្យាយាមបញ្ចេញអសុចិដោយដៃ។ បញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ អនុប្បន្នប្បញ្ញត្ដិ១ មានក្នុងសិក្ខាបទនោះដែរឬទេ។ មានតែបញ្ញតិ្ត១ អនុប្បញ្ញត្ដិ១ ឯអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះទេ។ សិក្ខាបទនោះ ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។
ID: 636801460500817561
ទៅកាន់ទំព័រ៖