ព្រះត្រៃបិដក ភាគ ១២
ក្នុងសម្នាក់បណ្ឌក ត្រូវអាបត្ដិថុល្លច្ច័យ និយាយសរសើរការបម្រើកាមដើម្បីខ្លួន ក្នុងសម្នាក់តិរច្ឆាន ត្រូវអាបត្ដិទុក្កដ។
[២៥២] ភិក្ខុ ប្រព្រឹត្ដការដឹកនាំ (ពាក្យប្រុសស្រី) ត្រូវអាបត្ដិ ៣ គឺ ទទួលពាក្យ (ខាងប្រុស) ហើយទៅនិយាយល្បងមើល (នឹងស្រី) ហើយត្រឡប់មកប្រាប់(ខាងប្រុស)វិញ ត្រូវអាបត្ដិសង្ឃាទិសេស ទទួលពាក្យហើយ ទៅនិយាយល្បងមើល តែមិនត្រឡប់មកប្រាប់វិញ ត្រូវអាបត្ដិថុល្លច្ច័យ ទទួលពាក្យហើយ តែមិនទៅនិយាយល្បងមើល មិនត្រឡប់មកប្រាប់វិញ ត្រូវអាបត្ដិទុក្កដ។
[២៥៣] ភិក្ខុឱ្យគេធ្វើកុដិ ដោយការសូមគ្រឿងឧបករណ៍ពីគេមកដោយខ្លួនឯង ត្រូវអាបត្ដិ ៣ គឺ ឱ្យគេធ្វើ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ (ដែលធ្វើ) កាលមើលមិនទាន់បូកលាបដុំកំបោរ ឬដីស្អិតមួយដុំនៅឡើយ ត្រូវអាបត្ដិថុល្លច្ច័យ កាលបើបានបូកលាបដុំកំបោរ ឬដីស្អិតមួយដុំនោះ ស្រេចហើយ ត្រូវអាបត្ដិសង្ឃាទិសេស។
[២៥៤] ភិក្ខុឱ្យគេធ្វើវិហារធំ ត្រូវអាបត្ដិ៣គឺ ឱ្យគេធ្វើ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ(ដែលប្រើគេឱ្យធ្វើ)កាលបើមិនទាន់បូកលាបដុំកំបោរ ឬដីស្អិតមួយដុំនៅឡើយ ត្រូវអាបត្ដិថុល្លច្ច័យ កាលបើបានបូកលាបដុំកំបោរ ឬដីស្អិតមួយដុំនោះស្រេចហើយ ត្រូវអាបត្ដិសង្ឃាទិសេស។
ID: 636801538548531635
ទៅកាន់ទំព័រ៖