ព្រះត្រៃបិដក ភាគ ១២
[២៥៥] ភិក្ខុចោទភិក្ខុផងគ្នា ដោយអាបត្ដិបារាជិកមិនមានមូល ត្រូវអាបត្ដិ៣គឺ មិនសូមឱកាសជាមុនសិន ហើយចោទ ដោយមានប្រាថ្នា ដើម្បីឱ្យឃ្លាតចាកព្រហ្មចារ្យ ត្រូវអាបត្ដិសង្ឃាទិសេស និងទុក្កដ ភិក្ខុសូមឱកាសជាមុន ហើយទើបចោទ ដោយមានប្រាថ្នានឹងជេរ ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះពោលពាក្យចាក់ដោត។
[២៥៦] ភិក្ខុ ចោទភិក្ខុផងគ្នា ដោយអាបត្ដិបារាជិក ព្រោះអាស្រ័យគ្រឿងអាងណាមួយ គ្រាន់តែជាលេសនៃអធិករណ៍ជាចំណែកដទៃ ត្រូវអាបត្ដិ៣គឺ ភិក្ខុមិនសូមឱកាស (ជាមុន) ហើយចោទ ដោយមានប្រាថ្នា ដើម្បីឱ្យឃ្លាតចាកព្រហ្មចារ្យ ត្រូវអាបត្ដិសង្ឃាទិសេស និងទុក្កដ សូមឱកាស (ជាមុន) ហើយចោទ ដោយមានប្រាថ្នានឹងជេរ ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះពោលពាក្យចាក់ដោត។
[២៥៧] ភិក្ខុអ្នកបំបែកសង្ឃ កាលបើសង្ឃ បានសូត្រសមនុភាសនកម្មអស់វារៈ ៣ ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ (ដំបូង) ត្រូវអាបត្ដិថុល្លច្ច័យ ដោយសូត្រកម្មវាចាពីរដង ត្រូវអាបត្ដិសង្ឃាទិសេស ក្នុងខណៈសូត្រកម្ម វាចាចប់។
ID: 636801538916202665
ទៅកាន់ទំព័រ៖