ព្រះត្រៃបិដក ភាគ ១២
[២៥៨] ពួកភិក្ខុ អ្នកប្រព្រឹត្ដតាមភិក្ខុដែលបំបែកសង្ឃ កាលបើ សង្ឃបានសូត្រសមនុភាសនកម្ម អស់វារៈជាគម្រប់៣ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ៣ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ (ជាដំបូង) ត្រូវអាបត្ដិថុល្លច្ច័យ ដោយសូត្រកម្មវាចាពីរដង ត្រូវសង្ឃាទិសេស ក្នុងខណៈសូត្រកម្មវាចាចប់។
[២៥៩] ភិក្ខុ ដែលគេប្រដៅបានដោយក្រ កាលបើសង្ឃ បានសូត្រសមនុភាសនកម្ម អស់វារៈជាគម្រប់៣ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ (ជាដំបូង) ត្រូវអាបត្ដិថុល្លច្ច័យ ដោយសូត្រកម្មវាចាពីរដង ត្រូវអាបត្ដិសង្ឃាទិសេស ក្នុងខណៈសូត្រកម្មវាចាចប់។
[២៦០] ភិក្ខុទ្រុស្ដត្រកូល កាលបើសង្ឃបានសូត្រសមនុភាសន កម្ម អស់វារៈជាគម្រប់៣ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ (ដំបូង) ត្រូវអាបត្ដិថុល្លច្ច័យ ដោយសូត្រកម្មវាចាពីរដង ត្រូវអាបត្ដិសង្ឃាទិសេស ក្នុងខណៈសូត្រកម្មវាចាចប់។
ចប់ សង្ឃាទិសេស១៣។
ID: 636801539319865753
ទៅកាន់ទំព័រ៖