ព្រះត្រៃបិដក ភាគ ១២
[២៧៦] ភិក្ខុទទួលរោមចៀម ហើយនាំយកឱ្យកន្លងហួស៣យោជន៍ទៅ ត្រូវអាបត្ដិ២ គឺ ឈានជំហានដំបូង ឱ្យកន្លងហួស៣យោជន៍ទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានទី២ ឱ្យកន្លងហួសទៅ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៧៧] ភិក្ខុប្រើភិក្ខុនីដែលមិនមែនជាញាតិ ឱ្យលាងរោមចៀម ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រើឱ្យគេលាង លុះប្រើឱ្យគេលាងរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៧៨] ភិក្ខុទទួលរូបិយៈ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលទទួល លុះទទួលរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៧៩] ភិក្ខុប្រព្រឹត្ដទិញដូរ ដោយរូបិយៈ មានប្រការផ្សេងៗ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រព្រឹត្ដ (ការលក់ដូរ) លុះប្រព្រឹត្ដរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៨០] ភិក្ខុប្រព្រឹត្ដទិញដូររបស់មានប្រការផ្សេងៗ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលខ្លួនប្រព្រឹត្ដ លុះប្រព្រឹត្ដរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
ចប់ កោសិយវគ្គ ទី២។
ID: 636801541188752647
ទៅកាន់ទំព័រ៖