ព្រះត្រៃបិដក ភាគ ១២
[២៨១] ភិក្ខុទុកអតិរេកបាត្រ ឱ្យកន្លងហួស១០ថ្ងៃទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។
[២៨២] ភិក្ខុមានបាត្រ មានចំណងមិនទាន់ដល់៥អន្លើ ហើយសូមបាត្រថ្មីដទៃទៀត ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលសូម លុះសូមបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៨៣] ភិក្ខុទទួលភេសជ្ជៈទាំងឡាយហើយ ទុកឱ្យកន្លងហួស៧ថ្ងៃទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។
[២៨៤] ភិក្ខុស្វែងរកវស្សិកសាដិកចីវរ(សំពត់សម្រាប់ងូតទឹកភ្លៀង) ក្នុងកាលដ៏លើសអំពីខែខាងចុងនៃរដូវក្ដៅ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលស្វែងរក លុះស្វែងរកបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៨៥] ភិក្ខុឱ្យចីវរដល់ភិក្ខុផងគ្នា ដោយខ្លួនឯង ហើយក្រោធអាក់អន់ចិត្ដ ក៏ដណ្ដើមយកវិញ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដណ្ដើម លុះដណ្ដើមបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
[២៨៦] ភិក្ខុសូមអំបោះដោយខ្លួនឯង យកមកឱ្យជាងតម្បាញ ត្បាញចីវរ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រើគេឱ្យត្បាញ លុះប្រើគេឱ្យត្បាញរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។
ID: 636801541709362424
ទៅកាន់ទំព័រ៖