ព្រះត្រៃបិដក ភាគ ១២
[២៩១] ភិក្ខុពោលពាក្យកុហកដោយដឹងខ្លួន ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុពោលពាក្យកុហក ដោយដឹងខ្លួន ត្រូវអាបត្ដិ៥គឺ ភិក្ខុមានសេចក្ដីប្រាថ្នាលាមក មានសេចក្ដីប្រាថ្នាគ្របសង្កត់ហើយ ពោលអួតនូវឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិបារាជិក ភិក្ខុចោទ ភិក្ខុផងគ្នា ដោយអាបត្ដិបារាជិកមិនមានមូល ត្រូវអាបត្ដិសង្ឃាទិសេស ភិក្ខុពន្យល់គេថា ភិក្ខុណានៅក្នុងវិហាររបស់អ្នក ភិក្ខុនោះជាព្រះអរហន្ដ បើគេដឹងច្បាស់ ត្រូវអាបត្ដិថុល្លច្ច័យ បើគេមិនដឹងច្បាស់ ត្រូវអាបត្ដិទុក្កដ និយាយកុហក (តាមធម្មតា) ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះពោលសម្បជានមុសាវាទ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ត្រូវអាបត្ដិទាំង៥នេះឯង។
[២៩២] ភិក្ខុពោលពាក្យចាក់ដោត ត្រូវអាបត្ដិ២គឺ ពោលចាក់ដោតឧបសម្ប័ន្ន ត្រូវអាបត្ដិបាចិត្ដិយៈ ពោលចាក់ដោតអនុបសម្ប័ន្ន ត្រូវអាបត្ដិទុក្កដ។
[២៩៣] ភិក្ខុបង្កពាក្យញុះញង់ ត្រូវអាបត្ដិ២ គឺ ភិក្ខុបង្កពាក្យញុះញង់ ដល់ឧបសម្ប័ន្នផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ បង្កពាក្យញុះញង់ដល់អនុបសម្ប័ន្ន ត្រូវអាបត្ដិទុក្កដ។
ID: 636801542485776832
ទៅកាន់ទំព័រ៖