ព្រះត្រៃបិដក ភាគ ១២
[៣០៧] ភិក្ខុក្រោធអាក់អន់ចិត្ដ ក៏ទង់ទាញភិក្ខុផងគ្នាចាកវិហារជារបស់សង្ឃ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងទង់ទាញ លុះទង់ទាញ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣០៨] ភិក្ខុអង្គុយសង្កត់គ្រែក្ដី តាំងក្ដី ដែលមានជើងគ្រាន់តែផ្គុំទុកឰដ៏ថ្នាក់ខាងលើ ក្នុងវិហារជារបស់សង្ឃ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងអង្គុយសង្កត់ លុះអង្គុយសង្កត់ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣០៩] ភិក្ខុធ្វើការប្រក់បានត្រឹមតែ ២.៣ ជាន់ កាលបើប្រក់ឱ្យលើសអំពីកំណត់នោះទៅ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងប្រក់ លុះប្រក់ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣១០] ភិក្ខុដឹងថាទឹកមានសត្វហើយ ស្រោចស្មៅក្ដី ដីក្ដី ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងស្រោច លុះស្រោច ត្រូវអាបត្ដិបាចិត្ដិយៈ។
ចប់ ភូតគាមវគ្គ ទី២។
ID: 636801544353413655
ទៅកាន់ទំព័រ៖