ព្រះត្រៃបិដក ភាគ ១២
[៤៦៧] ភិក្ខុសេពមេថុនធម្ម ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុសេពមេថុនធម្ម ត្រូវអាបត្ដិ៣គឺ សេពមេថុនធម្មនឹងសរីរៈដែលសត្វមិនទាន់ទំពាស៊ី ត្រូវអាបត្ដិបារាជិក សេពមេថុនធម្ម នឹងសរីរៈដែលសត្វទំពាស៊ីហើយដោយច្រើន ត្រូវអាបត្ដិថុល្លច្ច័យ បញ្ចូលអង្គជាតទៅក្នុងទ្វារមាត់ដែលហា តែមិនឱ្យប៉ះពាល់ ត្រូវអាបត្ដិទុក្កដ ភិក្ខុសេពមេថុនធម្ម ត្រូវអាបត្ដិ៣នេះឯង។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិណា។ បណ្ដាកងនៃអាបត្ដិទាំង៧ លោក សង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិទាំងនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដិទាំងនោះ ចាត់ចូលក្នុងអធិករណ៍ណា។ បណ្ដាសមថៈទាំង៧ អាបត្ដិទាំងនោះ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ២គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិទាំងនោះ លោកសង្គ្រោះ ដោយកងនៃអាបត្ដិ៣គឺ កងនៃបារាជិកាបត្ដិក៏មាន កងនៃថុល្លច្ចយាបត្ដិក៏មាន កងនៃទុក្កដាបត្ដិក៏មាន។
ID: 636801575360717172
ទៅកាន់ទំព័រ៖