ព្រះត្រៃបិដក ភាគ ១២
[១៤] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុដែលឱ្យគេធ្វើកុដិ (មិនមានទាយកជាម្ចាស់របស់) ដោយការសូមគ្រឿងឧបករណ៍របស់គេមក ដោយខ្លួនឯង ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរអាឡវី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវភិក្ខុ ទាំងឡាយ ដែលនៅក្នុងនគរអាឡវី។ ព្រោះរឿងរ៉ាវដូចម្ដេច ព្រោះរឿង រ៉ាវដែលភិក្ខុទាំងឡាយ នៅក្នុងនគរអាឡវី ឱ្យគេធ្វើកុដិ (មិនមានទាយកជាម្ចាស់របស់) ដោយការសូមគ្រឿងឧបករណ៍របស់គេមកដោយខ្លួនឯង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង ៦ យ៉ាង។ បេ។
[១៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុដែលឱ្យគេធ្វើវិហារធំ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវព្រះឆន្នៈមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឆន្នៈមានអាយុ ជម្រះ ទីវិហារ បានប្រើគេឱ្យកាប់ដើមឈើ ដែលគេសន្មតថាជាចេតិយ១ដើម។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
ID: 636801462337912637
ទៅកាន់ទំព័រ៖