ព្រះត្រៃបិដក ភាគ ១២
អាបត្ដិទុក្កដនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ បានបន្ទោឧច្ចារៈខ្លះ បស្សាវៈខ្លះ ទឹកមាត់ខ្លះ ក្នុងទឹក។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើង អំពីវាចាឡើយ។
ចប់ កត្ថប្បញ្ញត្ដិវារៈ ជាបឋម។
[៤៨៧] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យគឺការសេពមេថុនធម្ម។ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិ៤ ព្រោះបច្ច័យគឺការសេពមេថុនធម្ម គឺ ភិក្ខុសេពមេថុនធម្ម នឹងសរីរៈសពដែលសត្វមិនទាន់ទំពាស៊ី ត្រូវអាបត្ដិបារាជិក ភិក្ខុសេពមេថុនធម្ម នឹងសរីរៈសពដែលសត្វទំពាស៊ីដោយច្រើន ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុបញ្ចូលអង្គជាត (ខ្លួន) ទៅក្នុងមុខទ្វារ ដែលបើកហា តែមិនឱ្យប៉ះពាល់ ត្រូវអាបត្ដិទុក្កដ ភិក្ខុនី ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះអង្គជាតដែលធ្វើដោយជ័រឈើ ឬកាកលាក់ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិទាំង៤នេះ ព្រោះបច្ច័យគឺការសេពមេថុនធម្ម។
ID: 636801581021590955
ទៅកាន់ទំព័រ៖