ព្រះត្រៃបិដក ភាគ ១២
[៤៩២] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិ៥ ព្រោះបច្ច័យ គឺការដល់នូវកាយសំសគ្គៈ គឺភិក្ខុនីមានតម្រេក ហើយត្រេកអរនឹងការចាប់ពាល់ (នូវសរីរប្រទេស) ខាងក្រោមដងកាំបិតចុះមក ខាងលើមណ្ឌលនៃជង្គង់ឡើងទៅនៃបុរសបុគ្គល ដែលមានតម្រេកដូចគ្នា ត្រូវអាបត្ដិបារាជិក ភិក្ខុប៉ះពាល់កាយស្រី ដោយកាយរបស់ខ្លួន ត្រូវអាបត្ដិសង្ឃាទិសេស ភិក្ខុប៉ះ ពាល់នូវវត្ថុដែលជាប់ដោយកាយស្រី ដោយកាយរបស់ខ្លួន ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុប៉ះពាល់នូវវត្ថុដែលជាប់នឹងកាយស្រី ដោយវត្ថុដែលជាប់ នឹងកាយរបស់ខ្លួន ត្រូវអាបត្ដិទុក្កដ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះជន្លួញ គឺម្រាមដៃ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិទាំង៥នេះ ព្រោះបច្ច័យគឺការដល់នូវកាយសំសគ្គៈ។
[៤៩៣] ភិក្ខុត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺការនិយាយល្បួងមាតុគ្រាមដោយសម្ដីអាក្រក់ គឺភិក្ខុពោលសរសើរក្ដី ពោលបង្អាប់ក្ដី ចំពោះវច្ចមគ្គ ឬបស្សាវមគ្គ ត្រូវអាបត្ដិសង្ឃាទិសេស ភិក្ខុមិនពោលចំពោះវច្ចមគ្គនិងបស្សាវមគ្គ គ្រាន់តែពោលសរសើរក្ដី ពោលបង្អាប់ក្ដី ចំពោះ ខាងក្រោមដងកាំបិតចុះមក ខាងលើមណ្ឌលនៃជង្គង់ឡើងទៅ ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុពោលសរសើរក្ដី ពោលបង្អាប់ក្ដី ចំពោះវត្ថុដែលជាប់ដោយកាយ ត្រូវអាបត្ដិទុក្កដ។
ID: 636801582057830224
ទៅកាន់ទំព័រ៖