ព្រះត្រៃបិដក ភាគ ១២
[១៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុដែលចោទ (បង្កាច់) ភិក្ខុផងគ្នា ដោយអាបត្ដិបារាជិកមិនមានមូល ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវមេត្ដិយភិក្ខុ និងភុម្មជកភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកមេត្ដិយភិក្ខុ និងភុម្មជកភិក្ខុចោទ (បង្កាច់) ព្រះទព្វមល្លបុត្ដមានអាយុ ដោយអាបត្ដិបារាជិក មិនមានមូល។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ៣ យ៉ាង។ បេ។
[១៧] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុដែលចោទ (បង្កាច់) ភិក្ខុផងគ្នា ដោយអាបត្ដិបារាជិក ព្រោះអាស្រ័យហេតុបន្ដិចបន្ដួច របស់អធិករណ៍ ជាចំណែកដទៃ មកជាគ្រឿងអាង ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវមេត្ដិយ ភិក្ខុនិងភុម្មជកភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះ រឿងរ៉ាវដែលមេត្ដិយភិក្ខុ និងភុម្មជកភិក្ខុចោទ (បង្កាច់) ព្រះទព្វមល្លបុត្ដមានអាយុ ដោយអាបត្ដិបារាជិក ព្រោះអាស្រ័យហេតុបន្ដិចន្ដួច របស់អធិករណ៍ ជាចំណែកដទៃមកជាគ្រឿងអាង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។
ID: 636801462644580177
ទៅកាន់ទំព័រ៖