ព្រះត្រៃបិដក ភាគ ១២
[៥១៩] សង្ឃាទិសេសសិក្ខាបទ របស់ភិក្ខុនី ដែលបំបួសស្រីជាចោរ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងថុល្លនន្ទាភិក្ខុនី បានបំបួសស្រីជាចោរ។ សិក្ខាបទនោះ មាន តែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយនិងវាចានិងចិត្ដក៏មាន។
[៥២០] សង្ឃាទិសេសសិក្ខាបទ របស់ភិក្ខុនី ដែលដើរទៅកាន់ចន្លោះស្រុកតែម្នាក់ឯង ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូប ដើរទៅកាន់ចន្លោះស្រុកតែម្នាក់ឯង។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ៣។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
ID: 636801592857047904
ទៅកាន់ទំព័រ៖