ព្រះត្រៃបិដក ភាគ ១២
ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលចណ្ឌកាលីភិក្ខុនី ដែលសង្ឃឱ្យចាញ់ ព្រោះអធិករណ៍ណានីមួយ ហើយខឹងអាក់អន់ចិត្ដពោលពាក្យយ៉ាងនេះថា ពួកភិក្ខុនីលំអៀងដោយសេចក្ដីស្រឡាញ់ផង ពួកភិក្ខុនីលំអៀង ដោយសេចក្ដីស្អប់ផង ពួកភិក្ខុនីលំអៀងដោយសេចក្ដីល្ងង់ផង ពួកភិក្ខុនីលំអៀងដោយសេចក្ដីខ្លាចផង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
[៥២៦] សង្ឃាទិសេសរបស់ពួកភិក្ខុនី ដែលនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូបនៅច្រឡូក ច្រឡំ (ដោយគ្រហស្ថ)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
ID: 636801594141981398
ទៅកាន់ទំព័រ៖