ព្រះត្រៃបិដក ភាគ ១២
[៥៣០] ភិក្ខុនីអធិដ្ឋានអកាលចីវរឱ្យជាកាលចីវរ ហើយប្រើគេឱ្យចែក (ចីវរនោះ) ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰ នឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី អធិដ្ឋានអកាលចីវរឱ្យជាកាលចីវរ ហើយឱ្យគេចែក (ចីវរនោះ)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។
[៥៣១] ភិក្ខុនីប្ដូរចីវរនឹងភិក្ខុនីផងគ្នា ហើយដណ្ដើមយកវិញ ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី ប្ដូរចីវរនឹងភិក្ខុនីផងគ្នា ហើយដណ្ដើមយកវិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន ៣។
[៥៣២] ភិក្ខុនីសូមរបស់ដទៃ ហើយត្រឡប់សូមរបស់ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។
ID: 636801595306027978
ទៅកាន់ទំព័រ៖