ព្រះត្រៃបិដក ភាគ ១២
ប្រទេចខ្លួនឯងខ្លះ ប្រទេចភិក្ខុនីដទៃខ្លះ ដោយនរកក៏មាន ដោយព្រហ្មចរិយៈក៏មាន។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។
[៥៦១] ភិក្ខុនី វាយទះតប់ខ្លួនឯងហើយយំ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលចណ្ឌកាលីភិក្ខុនី វាយទះតប់ខ្លួនឯងហើយយំ។ សិក្ខាបទនោះ មានបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិទាំងនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
ចប់ រត្ដន្ធការវគ្គ ទី២។
[៥៦២] ភិក្ខុនីងូតទឹកអាក្រាត ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុនីច្រើនរូប អាក្រាតងូតទឹក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។
ID: 636801600521106263
ទៅកាន់ទំព័រ៖