ព្រះត្រៃបិដក ភាគ ១២
[៥៨១] ភិក្ខុនីចេញវស្សារួចហើយ មិនចៀសចេញទៅកាន់ចារិក ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ចេញវស្សារួចហើយ មិនបានចៀសចេញទៅកាន់ចារិក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
ចប់ តុវដ្ដវគ្គ ទី៤។
[៥៨២] ភិក្ខុនីទៅមើលព្រះរាជដំណាក់ក្ដី ផ្ទះដ៏វិចិត្រក្ដី សួនច្បារក្ដី ឱទ្យានក្ដី ស្រះបោក្ខរណីក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយាភិក្ខុនី ទៅមើលព្រះរាជដំណោក់ខ្លះ ផ្ទះដ៏វិចិត្រខ្លះ សួនច្បារខ្លះ ឱទ្យានខ្លះ ស្រះបោក្ខរណីខ្លះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។
ID: 636801620314328371
ទៅកាន់ទំព័រ៖