ព្រះត្រៃបិដក ភាគ ១២
[៥៩៧] ភិក្ខុនី នៅចាំវស្សាក្នុងអាវាសដែលមិនមានភិក្ខុ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប នៅចាំវស្សាក្នុងអាវាសដែលមិនមានភិក្ខុ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។
[៥៩៨] ភិក្ខុនីនៅចាំវស្សារួចហើយ មិនបានបវារណាដោយហេតុ៣ ប្រការក្នុងសម្នាក់ឧភតោសង្ឃទេ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូបនៅចាំវស្សារួចហើយ មិនបានបវារណា នឹងភិក្ខុសង្ឃ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
ID: 636801622791700069
ទៅកាន់ទំព័រ៖