ព្រះត្រៃបិដក ភាគ ១២
[៦០៨] ភិក្ខុនីបំបួសស្ដ្រីជាគិហិគតា ដែលមានអាយុគ្រប់១២ឆ្នាំហើយ បានសិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប បំបួសស្ដ្រីជាគិហិគតា ដែលមានអាយុគ្រប់១២ឆ្នាំហើយ បានសិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។
[៦០៩] ភិក្ខុនីបំបួសកូនសិស្ស ហើយមិនបានអនុគ្រោះ (ទំនុកបម្រុង) ដោយខ្លួនឯង ឬមិនបានឱ្យគេអនុគ្រោះ គ្រប់ពីរឆ្នាំទេ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី បំបួសកូនសិស្ស ហើយ មិនបានអនុគ្រោះដោយខ្លួនឯង មិនបានឱ្យគេអនុគ្រោះ គ្រប់ពីរឆ្នាំ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
ID: 636801624965464401
ទៅកាន់ទំព័រ៖