ព្រះត្រៃបិដក ភាគ ១២

សេចក្ដី​សង្រួម​ជា​សម្បត្ដិ​។​ ​សេចក្ដី​ប្រតិ​បត្ដិ​ ​(​ក្នុង​សិក្ខាបទ​នោះ​)​ ​ដូចម្ដេច​។​ ​ភិក្ខុ​សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​ដរាបដល់​អស់ជីវិត​ ​មានជីវិត​ជាទីបំផុត​ ​ដោយ​សេចក្ដី​កំណត់​ក្នុង​ចិត្ដ​ថា​ ​អញ​នឹង​មិន​ធ្វើ​កម្ម​ ​មាន​សភាព​យ៉ាងនេះ​ឡើយ​ ​(​នេះ​ជា​សេចក្ដី​ប្រតិ​បត្ដិ​)​។​ ​ព្រះ​មា​នព្រ​ភាគ​ ​ទ្រង់​បញ្ញ​ត្ដ​អនិយតៈ​ទី១​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ប៉ុន្មាន​យ៉ាង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​អនិយតៈ​ទី១​ ​ព្រោះ​អាស្រ័យ​អំណាច​ ​ប្រយោជន៍១០យ៉ាង​ ​គឺ​ដើម្បី​ល្អ​ដល់​សង្ឃ១​ ​ដើម្បី​សេចក្ដី​សប្បាយ​ដល់​សង្ឃ១​ ​ដើម្បី​សង្កត់សង្កិន​បុគ្គល​ដែល​មិន​អៀនខ្មាស១​ ​ដើម្បី​នៅជា​សុខ​ស្រួល​ដល់​ភិក្ខុ​ដែល​មាន​សីល​ជាទីស្រឡាញ់១​ ​ដើម្បី​រាំងរា​នូវ​អាសវៈ​ទាំងឡាយ​ដែល​កើតឡើង​ក្នុង​បច្ចុប្បន្ន១​ ​ដើម្បី​កម្ចាត់បង់​នូវ​អាសវៈ​ទាំងឡាយ​ដែល​កើតឡើង​ក្នុង​បរលោក១​ ​ដើម្បី​ញ៉ាំង​បុគ្គល​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ឱ្យ​ជ្រះថ្លា​ឡើង១​ ​ដើម្បី​ញ៉ាំង​បុគ្គល​ទាំងឡាយ​ដែល​ជ្រះថ្លា​ហើយ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង១​ ​ដើម្បី​តម្កល់​នៅ​មាំ​នៃ​ព្រះ​សទ្ធម្ម១​ ​ដើម្បី​អនុគ្រោះ​ដល់​វិន័យ១​។​ ​ពួក​ជន​ណា​តែង​សិក្សា​។​ ​ពួក​សេក្ខបុគ្គល​និង​កល្យាណ​បុថុជ្ជន​តែង​សិក្សា​។​ ​ពួក​ជន​ណា​ ​មាន​សិក្ខា​សិក្សា​ហើយ​។​ ​ព្រះ​អរហន្ដ​ទាំងឡាយ​ ​មាន​សិក្ខា​សិក្សា​ហើយ​។​ ​សិក្ខាបទ​នោះ​ ​ឋិតនៅ​ក្នុង​ជន​ពួក​ណា​។​ ​ឋិតនៅ​ក្នុង​ពួក​សិក្ខាកាម​បុគ្គល​។​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636801465059568307
ទៅកាន់ទំព័រ៖