ព្រះត្រៃបិដក ភាគ ១២
            
        
        
            
            
                
                 [៦៦២] ភិក្ខុនីបញ្ជូន(ភិក្ខុនីផងគ្នា)ថា នែនាងជាម្ចាស់ ចូរនាងទាំងឡាយ នៅច្រឡូកច្រឡំចុះ នាងទាំងឡាយ កុំនៅទីទៃពីគ្នាឡើយ កាលបើសង្ឃសូត្រសមនុភាសនកម្មគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។ 
ចប់ សង្ឃាទិសេស។
 [៦៦៣] ភិក្ខុនី ធ្វើការសន្សំបាត្រទុក ត្រូវអាបត្ដិ១ គឺនិស្សគ្គិយបាចិត្ដិយៈ។
 [៦៦៤] ភិក្ខុនី អធិដ្ឋានអកាលចីវរឱ្យជាកាលចីវរ ហើយឱ្យគេចែក ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេចែក ឱ្យគេចែករួចហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។ 
 [៦៦៥] ភិក្ខុនីបានប្ដូរចីវរនឹងភិក្ខុនីផងគ្នា ហើយដណ្ដើមយកវិញ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដណ្ដើម លុះដណ្ដើមបានមកហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។
            
 
            
         
        
            
                ID: 636801636660383312 
                
            
            
                ទៅកាន់ទំព័រ៖