ព្រះត្រៃបិដក ភាគ ១២
[៧២១] ភិក្ខុនីមិនប្រគល់អាវសថចីវរ ហើយប្រើប្រាស់ ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ លុះប្រើប្រាស់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៧២២] ភិក្ខុនីមិនទាន់ប្រគល់ផ្ទះសម្នាក់ ហើយចៀសចេញទៅកាន់ចារិក ត្រូវអាបត្ដិ២ គឺឈានជំហានជាបឋម កន្លងរបង់ផ្ទះសម្នាក់ទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានជាគម្រាប់ពីរកន្លងទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៧២៣] ភិក្ខុនីរៀនតិរច្ឆានវិជ្ជា ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងរៀន ត្រូវអាបត្ដិទុក្កដ (លុះបានរៀនហើយ) ត្រូវអាបត្ដិបាចិត្ដិយៈរាល់ៗបទ។
[៧២៤] ភិក្ខុនីបង្រៀនតិរច្ឆានវិជ្ជា ត្រូវអាបត្ដិ២ គឺក្នុងប្រយោគ ដែលកំពុងបង្រៀន ត្រូវអាបត្ដិទុក្កដ (លុះបង្រៀនហើយ) ត្រូវអាបត្ដិបាចិត្ដិយៈរាល់ៗបទ។
ចប់ ចិត្ដាគារវគ្គ ជាគម្រប់៥។
ID: 636801643364306754
ទៅកាន់ទំព័រ៖