ព្រះត្រៃបិដក ភាគ ១២
[៧២៥] ភិក្ខុនីកាលដឹងហើយចូលទៅកាន់អារាមដែលមានភិក្ខុ ដោយមិនបានប្រាប់(ជាមុន) ត្រូវអាបត្ដិ២ គឺឈានជំហានជាបឋម កន្លងរបងអារាមទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានជាគម្រប់ពីរកន្លងទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៧២៦] ភិក្ខុនីជេរប្រទេចភិក្ខុ ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងជេរ ត្រូវអាបត្ដិទុក្កដ លុះជេររួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៧២៧] ភិក្ខុនីប្រទេចផ្ដាសាគណភិក្ខុនីដោយកំណាច ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងផ្ដាសា ត្រូវអាបត្ដិទុក្កដ លុះផ្ដាសារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៧២៨] ភិក្ខុនីដែលគេនិមន្ដហើយក្ដី ហាមភោជនហើយក្ដី បែរ ជាទៅឆាន់ខាទនីយភោជនីយាហារ (ក្នុងទីដទៃ) ត្រូវអាបត្ដិ២ គឺកំពុងទទួលដោយគិតថា អាត្មាអញនឹងទំពាស៊ី នឹងបរិភោគ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈគ្រប់ៗ វារៈដែលលេបចូលទៅ។
[៧២៩] ភិក្ខុនីកំណាញ់ត្រកូល ត្រូវអាបត្ដិ២ គឺកំពុងប្រព្រឹត្ដកំណាញ់ ត្រូវអាបត្ដិទុក្កដ លុះប្រព្រឹត្ដកំណាញ់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
ID: 636801643857594969
ទៅកាន់ទំព័រ៖