(សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
[៧៩២] អាបត្ដិបារាជិក ព្រោះបច្ច័យនៃការបំពេញវត្ថុជាគម្រប់៨
(១) ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះ រឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនីបំពេញវត្ថុជាគម្រប់៨។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
ចប់ បារាជិក។
[៧៩៣] សង្ឃាទិសេសណា ដែលព្រះមានព្រះភាគជាអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ (នូវកាលដ៏គួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍) ព្រោះបច្ច័យនៃកិរិយាធ្វើដំណើរក្ដី របស់ភិក្ខុនីជាអ្នកប្ដឹងផ្ដល់ សង្ឃាទិសេសនោះ ព្រះអង្គទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។
(១) វត្ថុទាំង៨គឺ ១ ត្រេកអរនឹងការចាប់ដៃរបស់បុរសបុគ្គល, ២ ត្រេកអរនឹងការចាប់ជាយសង្ឃដីរបស់បុរសបុគ្គល, ៣ ឈរជាមួយនឹងបុរសបុគ្គល, ៤ ចរចាជាមួយនឹងបុរសបុគ្គល, ៥ ទៅកាន់ទីសង្កេត, ៦ ត្រេកអរនឹងបុរសដើរចូលមកជិត, ៧ ចូលទៅកាន់ទីកំបាំង, ៨ បង្អោនកាយទៅ ដើម្បីសេពនូវអសទ្ធម្ម (ភិក្ខុនីវិភង្គ)។